ភ្នំពេញ៖ ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត នឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលស្ម័គ្រចិត្តចូលខ្លួនស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយផ្អែកលើមូលដ្ឋាន នៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ នៅមានពេលវេលារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីទទួលបានការលើកលែងទណ្ឌកម្ម រដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង លើការស្នើសុំកែតម្រូវនេះ។
ការលើកលែងទណ្ឌកម្មរដ្ឋបាល នេះអនុវត្តចំពោះតែ៖
១. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការដែលកើតឡើងមុនការិយបរិច្ឆេទខែមករា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដោយឡែក ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការដែលកើតឡើងចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។
២. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះបានធ្វើឡើង មុនពេលសវនករពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ មានន័យថាអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក អាចស្នើសុំកែតម្រូវ ករណីដែលសវនករមិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម។
គួរបញ្ជាក់ផងដែរថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធលើលទ្ធផលសវនកម្ម ដែលសវនករបានរកឃើញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១,៥% ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ករណីនេះ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ត្រូវអនុញ្ញាតឱ្យកាត់កង ជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)