ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ផ្នែកទី៤ ដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចខាងក្រោម៖
១. អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ការតវ៉ាត្រូវមានកម្រិតព្រំដែន តែត្រឹមដើមហេតុឬព័ត៌មានផ្សេងទៀតដែលមាននៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេចឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញ តែប៉ុណ្ណោះ។
២. ការតវ៉ាខាងរដ្ឋបាល ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅតាមទម្រង់និងខ្លឹមសារដូចជា៖
-លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធដែលធ្វើពាក្យតវ៉ា
-សេចក្តីយោងទៅរកការកំណត់សេចក្តីសម្រេចឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ា
-ដើមហេតុឬអំពើដែលជាកម្មវត្ថុនៃពាក្យតវ៉ា
-ហេតុផលនៃការតវ៉ា
-កាលបរិច្ឆេទនិងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។
៣. ការតវ៉ាខាងរដ្ឋបាលពុំធ្វើឱ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់និងការផាកពិន័យជាប្រាក់ផ្សេងៗដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេច ផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធឡើយ។
បន្ទាប់ពីទទួលបានពាក្យតវ៉ា រដ្ឋបាលសារពើពន្ធនឹងចេញសេចក្តីសម្រេចជាថ្មីក្នុងរយៈពេលយ៉ាងយឺតបំផុត ៦០ (ហុកសិប)ថ្ងៃ ក្រោយពី ថ្ងៃដែលទទួលបានពាក្យតវ៉ាដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធសេចក្តីសម្រេចផ្សេងៗ ដែលអ្នកជាប់ពន្ធតវ៉ា។
ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រមលើសេចក្តីសម្រេចថ្មីនេះ អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។
គូសបញ្ជាក់ថា អ្នកជាប់ពន្ធ មានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាង យឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ៕
ដោយ៖ មឿន ឌីណា (Mouen Dyna)