Register Already an agent ? Login

វិនិយោគិនអាល្លឺម៉ង់ បង្ហាញចំណាប់អារម្មណ៍វិនិយោគ វិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ប្រមាណ ៣០រូប ដឹកនាំដោយ លោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ និងលោក Peter Kompalla ប្រធានតំណាងសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំវៀតណាម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ប្រតិភូដែលអញ្ជើញមកនាពេលនេះ មានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម និងមានបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការរង បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាមកសិក្សាស្វែងយល់និងបានឃើញពីជវភាពនៃសង្គមសេដ្ឋកិច្ចនិងសក្តានុពលរបស់កម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនេះ លោក បានធ្វើបទបង្ហាញចែករម្លែកព័ត៌មានពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព, ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ៗ, និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

បើតាមជំនួបនោះ គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បានសម្តែងនូវសេចក្តីសោមនស្សដែលបានជ្រួតជ្រាបកាន់តែច្បាស់ ពីរចនាសម្ព័ន្ធដឹកនាំនិងតួនាទីដ៏មានសារៈសំខាន់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអំពីស្ថានភាពនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ គណៈប្រតិភូធុរកិច្ចបានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។

លោក នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនពីក្តីរំពឹងអំពីកំណើននៃការវិនិយោគពីអាល្លឺម៉ង់មកកម្ពុជាបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខ ហើយបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះការអញ្ជើញមកដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ និងបានជូនពរដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dna)