ក្រចេះ៖ វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវខេត្តសំខាន់ៗចំនួន ០២ខែ្ស ដែលមានប្រវែងសរុបជិត ៤៩គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ សម្រេចការសាងសង់បាន ប្រមាណ ៥៣% គិតត្រឹមថ្ងៃទី៨ ខែឧសភា ២០២៤នេះ។
ផ្លូវខេត្តដ៏សំខាន់ ២ខ្សែនេះ ស្ថិតក្នុងខេត្តក្រចេះ រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣.៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។
ផ្លូវទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។
គួររម្លឹកថា ផ្លូវ២ខ្សែនេះ ជាគម្រោងស្តារឡើងវិញដោយពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ ដល់ ១១ម៉ែត្រ មាន២គន្លងទៅមក។
ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)