ភ្នំពេញ៖ លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំកម្ពុជា បានគូសបញ្ជាក់ថាមូលហេតុដែល មកកម្ពុជា គឺដើម្បីគាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ ដោយបានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង។
តាមការគូសបញ្ជាក់ខាងលើ លោក Khalid Ali នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
សម្តេចតេជោ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជា។ បានបន្តថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង និងបានរំឭកថា នៅពេល សម្ដេច នៅជានាយករដ្ឋមន្ត្រី ពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលទូតដែលគ្មាននិវេសដ្ឋាននៅកម្ពុជានោះទេ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តទៀតថា នៅឆ្នាំ២០០៨ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជនកម្ពុជា។ លោក បានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល លោក បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ។
ក្នុងកិច្ចសន្ទនា លោក Khalid Ali បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។
សម្ដចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង មានផលិតផលកសិកម្មច្រើនជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ កម្ពុជា មានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និង កែច្នៃ វេចខ្ចប់ ហើយនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេស។
សម្ដេចតេជោ បានរំឭកថា កាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។
នាបរិយាកាសនោះ ឯកអគ្គរាជទូត បានថ្លែងអំណរគុណ សម្តេច ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ និងបានគូសបញ្ជាក់ថាមូលហេតុដែល លោក មកទីនេះគឺដើម្បីគាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។ លោក សន្យាថានឹងខិតខំទាក់ទាញវិនិយោគិនពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត បានលើកឡើងថា កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ លោក គូសបញ្ជាក់ថា កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។
ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ។ បើតាមការលើកឡើង សម្ដេច ប្រធានព្រឹទ្ធសភា ដោយបានជំរុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១-ឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ទី២-ឱ្យមានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នា។ សម្ដេច បានសង្កត់ថា កាន់តែប្រសើរជាងនេះទៅទៀត បើអាចធ្វើបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)