ភ្នំពេញ៖ គម្រោងបញ្ជរតែមួយជាតិ ត្រូវបានចែកចេញជា ៣ដំណាក់កាល ដោយប្រើប្រាស់ថវិកាសរុប ប្រមាណ ៣,៤ លានដុល្លារ ក្នុងរយៈពេល ៧ ឆ្នាំ ចាប់ពី២០១៨ ដល់ ២០២៤។ ជាការថ្លែង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ការអភិវឌ្ឍដំណាក់កាលទី១ បានផ្តោតជាសំខាន់ទៅលើការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់តភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ជាមួយនឹងប្រព័ន្ធ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម និងសម្រាប់តភ្ជាប់ទៅប្រព័ន្ធបញ្ហារតែមួយអាស៊ាន។
លោក បានបន្តថា ដំណាក់កាលទី២ បានពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានវិសាលភាពបន្ថែមទៅលើក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, ព្រមទាំងវិញ្ញាបនបត្រ និង ឯកសារផ្សេងៗ, ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដំណាក់កាលទី៣ បានពង្រីកវិសាលភាពបន្ថែម ឱ្យគ្របដណ្តប់គ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនឹងការចេញ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារ ផ្សេងៗ សម្រាប់ទំនិញនាំចេញ-នាំចូល ស្របតាមខ្លឹមសារនៃអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើ- ប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់; និង សម្រាប់ទំនិញដែលទទួល បាននូវការលើកទឹកចិត្តពន្ធ និង អាករ តាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ជាការបន្តទៀត លោក អូន ព័ន្ធមុនីរ័ត្ន។
លោក បានបន្ថែមថា ក្រសួង- សា្ថប័នទាំងនេះ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង បរិស្ថាន, ក្រសួងរ៉ែ និង ថាមពល, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, និង ធនាគារជាតិ នៃកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)