ភ្នំពេញ៖ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០ មកដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនចំនួន ៣៥៧៥៥ បានចុះបញ្ជី ដោយជោគជ័យ ក្នុងប្រព័ន្ធ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ទំហំដើមទុន ១០,៧៣ប៊ីលានដុល្លារ។ បើតាមការថ្លែង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្ថថា ការដាក់ចេញនូវថ្នាលឌីជីថលគន្លឹះ សំខាន់ៗដូចជា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)នេះ បានបើកឡើងនូវឱកាសឱ្យប្រព័ន្ធដទៃទៀតអាចធ្វើការរួមគ្នា និងប្រទាក់ក្រឡាគ្នា ដោយបង្កើតបានជាសេវាឌីជីថលថ្មីៗ ដែលកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានថ្លែងបន្តថា ជាក់ស្តែង ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលតភ្ជាប់ជាខ្សែច្រវាក់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត នៃក្រសួង-ស្ថាប័នចំនួន២១ បានអនុញ្ញាតឱ្យធុរជន អាចចុះបញ្ជីអាជីវកម្មដោយប្រើពេលត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមធ្វើទំនើបកម្មការងារ និងមុខងាររបស់ខ្លួនជាបណ្តើរៗ ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ ដោយ ផ្តោតអាទិភាពលើការងារស្នូលរបស់ខ្លួន ជាអាទិ៍ ការគ្រប់គ្រងថវិកា និង ការគ្រប់គ្រងចំណូល។ ជាការបន្ថែម លោក អូន ព័ន្ធមុនីរ័ត្ន ដោយបានលើកឡើងថា នៅក្នុងផ្នែកថវិកា និង រតនាគារ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានអភិវឌ្ឍន៍ និងដាក់ឱ្យអនុវត្ដជាដំណាក់កាល។
លោក បានបន្ថែមទៀតថា នៅក្នុងផ្នែកចំណូល, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ បាននិងកំពុងបន្តជំរុញធ្វើទំនើបកម្មការងារ ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាជាច្រើន នាពេលកន្លងមក។
ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលគាំទ្រដល់ មុខងារបច្ចេកទេសនីមួយៗ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគិតគូរលើការរៀបចំជាប្រព័ន្ធអេកូឡូស៊ីនៃថ្នាលបច្ចេកវិទ្យា ដែលមានភាពប្រទាក់ក្រឡាគ្នា ដោយអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗ, ទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នផ្សេងទៀតនៃរាជរដ្ឋាភិបាល អាចធ្វើការប្រទាក់ក្រឡាជាមួយគ្នាបាន ជាចង្កោមនៃអង្គតែមួយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)