ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣០៩លានដុល្លារ។ បើតាម សេចក្តីប្រកាសព័ត៌មាន ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង និង គម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង ក្នុងខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមគម្រោងវិនិយោគទាំង ២២គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែល មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។
២. គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទុនវិនិយោគប្រមាណ ៣៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។
៣. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ក្នុងទុនវិនិយោគប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។
គួររំលេចផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)