ភ្នំពេញ៖ វឌ្ឍនភាពការងារ ជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី ៨០ទៅ១០០ម៉ែត្រ ស្ថិតនៅខេត្តកណ្តាល ជាគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងជន់លិចនៅភ្នំពេញ និងតំបន់រណប ហើយនិងខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកធ្លាក់ទៅសមុទ្រ សម្រេចបានប្រមាណ ៦៥%។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងនេះ បានមានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី ៨០ទៅ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។
ការចុះពិនិត្យនេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា បានបន្តថា ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតពី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើគម្រោងផែនការដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅតំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។ ជាប្រសាសន៍បន្តទៀត លោក ថោ ជេដ្ឋា។
បើតាម លោកដ្ឋមន្រ្តី បានបន្ថែមថា ការចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
នាឱកាសនោះ លោក បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តដែលពាក់ព័ន្ធឱ្យបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖
ទី១-ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ
ទី២-ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
ទី៣-ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល
ទី៤-ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល
ទី៥-កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ
និងទី៦-សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន ២៧គ្រឿង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)