កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាព គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៧៨,៤៣%ហើយ។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារលើកកម្រិតផ្លូវជាតិលេខ៣១ បានគូសបញ្ជាក់ថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច។
លោក បានបន្តថា អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថា បញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។
មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារដូចជា ការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់។ ជាការបន្ថែម លោក ខាន់ ម៉ាណេរ។
បើតាម នាយកគម្រោងនេះ បានបន្ថែមទៀតថា ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែងបានធ្វើឡើងដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង
គួរបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាយកគម្រោង បើគ្មានការប្រែប្រួលទេ គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)