ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសុំឱ្យក្រុមហ៊ុន Toyota ជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់។
តាមការស្នើខាងលើប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Toyota និង លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ រាជធានីភ្នំពេញ។
លោក ICHIRO បានប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិតនិងផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា។
សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ តម្លើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
សម្តេច បានលើកឡើងថា បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន Toyota ចាត់ទុកថាវាគឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបានបន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ទៅថ្នាក់ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ ហើយការបើកសម្ពោធរោងចក្រតូយ៉ូតានេះ ជាភស្តុតាងស្រាប់។
លោក ICHIRO បានសម្ដែងការគោរព និងអរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលគណៈប្រតិភូរបស់លោក។ លោក ក៏បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ក៏ដូចជា សម្ដេចធិបតី ហើយនឹងខិតខំដំណើរការរោងចក្រនេះឱ្យប្រកបដោយជោគជ័យ។
ជាមួយគ្នាដែរ លោកក៏បានលើកឡើងពីប្រវត្តិរបស់ក្រុមហ៊ុន Toyota ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖ ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ, ២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា, ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក, ២០១៦ បង្កើតសួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម, ២០២២ បង្កើតរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក ហើយ ឆ្នាំនេះជាឆ្នាំខួបទី៣១ របស់ក្រុមហ៊ុន ក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា។
លោក ក៏បានលើកឡើងនូវតួនាទី និងការទទួលខុសត្រូវខុសគ្នាៗរៀងខ្លួន ដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នរោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម។
លោកក៏ បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ ១៥០នាក់។ លោកបានលើកឡើងដែរថាកា កាលពីម្សិលមិញ សម្ដេចធិបតី បានណែនាំឱ្យបង្កើតមានសាលាហ្វឹកហ្វឺន ធនធានមនុស្សនៅកម្ពុជាក្នុងវិស័យរថយន្តនេះ។
លោក ឧកញ៉ា គង់ នួន បានជម្រាបជូន សម្ដេចតេជោថា ការសម្ពោធរោងចក្រឱ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិតនៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ ស៉ាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានមានប្រសសន៍ឱ្យដឹងថា បច្ចុប្បន្ន មានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង ៥លានគ្រឿង ហើយក៏បង្កការកកស្ទះចរាចរណ៍ ទោះជារាជរដ្ឋាភិបាលខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ សម្តេចតេជោ បានសម្ដែងការរីករាយយ៉ាងខ្លាំង ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្ត។
សម្ដេចតេជោ សូមឱ្យអ្នកវិនិយោគក្រុមហ៊ុនបរទេសមើលឃើញថា កម្ពុជា គឺមានស្ថិរភាពយូរអង្វែងតទៅទៀត ហើយកម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីឱ្យអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ បានលើកឡើងថា សម្ដេចតែងរំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមឱ្យប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញឱ្យគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។ ចង់ឱ្យរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)