ភ្នំពេញ៖ យោងតាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការ ផាកពិន័យជាប្រាក់ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។
១៣ ចំណុច ដែលត្រូវបានចាត់ជាអំពើរាំងស្ទះ រួមមាន៖
១- ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២- ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី
៣- ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤- ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥- ការមិនបានចេញវិក្កយបត្រ
៦- ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ
៨- ការមិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងៗទៀត
៩- ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ
១០- ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
១១- ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២- ការចេញវិក្កយបត្រក្លែងបន្លំ
១៣- ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។
បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល តាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)