ភ្នំពេញ៖ ក្នុងការអនុវត្តការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផល ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នេះជាការបញ្ជាក់ពី លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ ចលនទ្រព្យនិងអចលនទ្រព្យ
លោក អនុប្រធាននាយកដ្ឋាន បានបន្តថា ជាក់ស្តែងចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ អចលនទ្រព្យ មានការលើកលែង និងការអនុគ្រោះពន្ធជាច្រើនករណីដូចខាងក្រោម៖
ករណីលើកលែងពន្ធ៖
ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅដ្ឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ។
ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងរង្វង់ញាតិ៖
១. ការធ្វើសន្តតិកម្ម
- រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
- រវាងប្តី-ប្រពន្ធ
- រវាងយាយ-តាបង្កើត និងចៅបង្កើត
- ពីឪពុក-ម្តាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
២. ការធ្វើប្រទានកម្មលើកទី១
-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី-ប្រពន្ធ
-រវាងយាយ-តាបង្កើត និងចៅបង្កើត
-ពីឪពុក-ម្តាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
- ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ។
ឃ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
ករណីការអនុគ្រោះពន្ធ៖
អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះសន្តតិកម្ម និង ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះប្រទានកម្ម សម្រាប់ការផ្ទេរ៖
- រវាងឪពុក-ម្តាយក្មេក និងកូនប្រសារ
- រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត
អនុញ្ញាតឱ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ១០០ ០០០ ០០០ (មួយរយលាន)រៀល ចំពោះការធ្វើប្រទានកម្មទ្រព្យដដែលចាប់ពីលើកទី២តទៅ សម្រាប់ការផ្ទេរ៖
- រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
- រវាងប្តី-ប្រពន្ធ
- រវាងយាយ-តាបង្កើត និងចៅបង្កើត
- ពីឪពុក-ម្តាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
- ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារដែលជាសហព័ទ្ធ (ជាទ្រព្យរួម ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)។
សូមបញ្ជាក់ផងដែរថា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យនិងអចលនទ្រព្យត្រូវបានអនុវត្តនៅពេលមានការផ្ទេរ កម្មសិទ្ធិឬសិទ្ធិកាន់កាប់ចលនទ្រព្យឬអចលនទ្រព្យ តាមរូបភាពទិញ-លក់ ដោះដូរ ធ្វើអំណោយ ឬការដាក់ជាភាគហ៊ុននៅក្នុងក្រុមហ៊ុន ចំពោះចលនទ្រព្យឬអចលនទ្រព្យ។
អ្នកជាប់ពន្ធមានពេលវេលាចំនួន ៣ខែដើម្បីដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ ដោយគិតចាប់ពីកាលបរិច្ឆេទស្នើសុំផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូនរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន ចំពោះចលនទ្រព្យ ឬគិតចាប់ពី ថ្ងៃចេញដីការបញ្ជូនរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំពោះការផ្ទេរសិទ្ធិឬសិទ្ធិ កាន់កាប់អចលនទ្រព្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)