ភ្នំពេញ៖ ការជួលអចលនទ្រព្យតម្លៃក្រោម ៥០០ ០០០(ប្រាំសែន)រៀល ត្រូវលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យផ្ទះ។
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួល អចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០ (ដប់)% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។
កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាង ដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួលសម្រាប់រយៈពេលច្រើនខែ។
យ៉ាងណាមិញ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យក៏មានការលើកលែងផងដែរចំពោះ ថ្លៃឈ្នួលពីការជួលអចលនទ្រព្យចំពោះគ្រប់ករណីទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០ (ប្រាំសែន)រៀល។
ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖
- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត
-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួលត្រូវបានប្រើប្រាស់ជាប្រយោជន៍ ឯកជន
-ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា
- ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ស្របតាមមាត្រា២៥ និងមាត្រា២៦ នៃច្បាប់ស្តីពីសារពើពន្ធ
-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធ របស់សហគ្រាសរួចហើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)