ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដែលមិនអាចខ្វះក្នុងការចូលរួមចំណែកកសាង អភិវឌ្ឍសង្គមជាតិ និងបានចូលរួមវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត។ ជាករគូសបញ្ជាក់ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
តាមការបញ្ជាក់ លោក យុន ហេង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
លោក បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើវស័យឯកជន និងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល។
ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិតាមរយៈការដាក់ចេញនូវ ច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែងដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងដោយមានភាពធន់។ ជាការបន្ត លោក លោក យុន ហេង។
បន្ថែមពីនេះ អគ្គលេខាធិការរង ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការនិងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ, អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលើសិទ្ធសម្រេចលើទុនវិនិយោគរហូតដល់ ៥លានដុល្លារ, និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដ៏ទូលំទូលាយ មានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដោយផ្តោតសំខាន់លើច្បាប់ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជាច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌគតិយុត្ត មានតម្លាភាព ប្រកបដោយអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
លោក បានបន្តថា សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា ការបង្កើតរបបលើកទឹកចិត្តវិនិយោគដោយគ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច ការធ្វើទំនើបកម្ម ការបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។
តាមរយៈការជំរុញកំណើនលំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបានធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក ការផ្ដល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។ ជាការបន្តទៀត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
លោក បានបន្ថែមថា រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ ០៥៤/២២សសរ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតអនុគណៈកម្មាធិការវិនិយោគខេត្ត ជាសេនាធិការឱ្យរដ្ឋបាលខេត្ត ជាយន្តការពិនិត្យសម្រេចលើការវិនិយោគឯកជន ការលើកទឹកចិត្ត និងដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោគខេត្ត មានតួនាទី ភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជីការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ រួមបញ្ជូលគ្នាការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោង វិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលក្រោម ៥លានដុល្លារចុះ នៅក្នុងដែនសមត្ថកិច្ច ស្របតាមនីតិវិធីដែលបានកំណត់ដោយអនុក្រឹត្យ ស្របតាមបទបញ្ញត្តិនានា នៃច្បាប់ស្តីពីវិនិយោគសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព នៃការវិនិយោគបុគ្គលបរទេស និងខ្មែរក្នុងប្រទេសកម្ពុជា ក្នុងការចុះបញ្ជីវិនិយោគ។
នាឱកាសនោះ លោក បានលើកឡើងលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ (GDP) នៅឆ្នាំ២០២៣ មានចំនួន ៤,៦០២ដុល្លា និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤% ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តថយចុះមកត្រឹម ១,៦៨% នៅឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)