ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា ១០,៧ម៉ឺនកន្លែង។ សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៧៩៣ ៤៦៧នាក់ (កើនឡើងចំនួន ៧៨ ៤៣៨ នាក់)។ បើតាមសារលិខិតដដែល។
បើតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជកមានចំនួន ១២។
ជាមួយគ្នានេះ ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយនិងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និង មានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។ ជាក់ស្តែងក្នុងត្រីមាសទី១នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។
ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែ ទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)