ភ្នំពេញ៖ ទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារ នាពេលខាងមុខ។ បើតាមជំនួប សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា។
បើតាមជំនួបពិភាក្សាការងារនេះ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេច ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានបន្ថែមថា វានឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។
ក្នុងជំនួប លោកស្រី ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។
លោកស្រី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។
ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ លោកស្រី បានស្នើសុំឱ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកស្រី មានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភានៃប្រទេសតួកគីឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)