បន្ទាយមានជ័យ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Perames Vudthitornetiraks ប្រធានភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ (NEDA) បានចុះពិនិត្យសមិទ្ធផលគម្រោងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ប៉ែកខាងកម្ពុជា និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
ស្ថិតក្នុងឱកាសនោះដែរមានការចូលរួមពីសំណាក់តំណាងស្ថានទូតថៃ ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងភ្នាក់ងារសារព័ត៌មានជាច្រើនរូបផងដែរ។
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបានបញ្ចប់ការសាងសង់ នៅក្នុងខែសីហា ឆ្នាំ២០២៣។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានពី NEDA នូវទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២លានដុល្លារ ដើម្បីសាងសង់ ១-អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវ ២-សំណង់អគារអន្តេវាសិកដ្ឋាន ៣-ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានផ្ទុកកុងតែន័រ” ៤-ការជួសជុលកែលម្អផ្លូវចាស់ និង ៥-សំណង់កាត់បន្ថយគ្រោះទឹកជំនន់។
សំណង់អគារ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
គូសបញ្ជាក់ថា សមិទ្ធផល អគារច្រកទ្វារ អន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការជួយសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវប្រព័ន្ធដឹកជញ្ជូន ព្រមទាំងអាចដោះស្រាយបញ្ជៀសចំនួនចរាចរណ៍ដឹកជញ្ជូនប្រចាំថៃ្ងរហូតដល់ ៦០០គ្រឿង ក្នុងមួយថ្ងៃ កាត់បន្ថយការកក់ស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។
បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣ កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ ២០០គ្រឿង ក្នុងមួយថ្ងៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)