ភ្នំពេញ៖ ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឱកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម និងការប្រាក់។ ជាការគូសបញ្ជាក់ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ។
តាមការបញ្ជាក់របស់ លោក សុវណ្ណ សម្បូរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុគ្រោះពន្ធលើ អចលនទ្រព្យ ដោយលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម និងការប្រាក់ ចំពោះអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធ(មិនធ្លាប់បង់ពន្ធលើអចលនទ្រព្យ) ឬអចលនទ្រព្យដែលប្រកាសនិងបង់ពន្ធមិនបានត្រឹមត្រូវនាឆ្នាំកន្លងមក។
លោក សុវណ្ណ សម្បូរណ៍ ប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យបានបន្តថា ដើម្បីទទួលបាន ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះ ម្ចាស់អចលនទ្រព្យត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារដែលអចលនទ្រព្យស្ថិតនៅឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក ក៏បានឱ្យដឹងទៀតថា ចំពោះអចលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់បន្តគ្នាជាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់មក ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។
សូមបញ្ជាក់ផងដែរថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។
ពន្ធនេះត្រូវប្រមូលលើអចលនទ្រព្យ(ដី និង/ឬសំណង់)ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០ ០០០ ០០០ រៀលឡើងទៅ។
អ្នកជាប់ពន្ធ កាន់តែមានភាពងាយស្រួល ចំពោះជម្រើសជាច្រើនដែលអគ្គនាយកដ្ឋាន ពន្ធដារដាក់ឱ្យប្រើប្រាស់សម្រាប់បង់ពន្ធលើអចលនទ្រព្យ ក្នុងនោះអ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធតាម៖ កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) អាចបង់ពន្ធពីគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ សាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទូទាំងប្រទេស នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)