ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក។
ការបញ្ជាក់របស់ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្រោមបរិយាកាសដ៏សែនរីករាយ និងស្និទ្ធស្នាល នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ លោក អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។
លោក ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជាមួយឯកឧត្តមនាពេលនេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ "ព្រះបរមរតនកោដ្ឋ" សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។
ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះសម្តេចតេជោ បានជួបលោក ហ្វុមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន លោក កូមួរ៉ា ម៉ាសាហ៊ិកូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង និងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នា ការជឿជាក់ និងផ្តលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពនៃការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)