ភ្នំពេញ៖ ក្រុមហ៊ុន៣ មានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ ស្នើសុំការណែនាំពី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើឱកាសវិនិយោគនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៣ ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ លោក បានគូសបញ្ជាក់ ដោយបានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជាក្នុងការវិនិយោគ។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)