ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផលសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ GIZ Cambodia តំណាងដោយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
គោលបំណងពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។
បើតាមកិច្ចពិភាក្សា លោកស្រី គង់ ដារ៉ែន បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិតផលដែលមានសក្តានុពលសម្រាប់ការនាំចេញ ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។
លោកស្រី បានគូសបញ្ជាក់ថា ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្តល់នូវពុទ្ធិបន្ថែមសម្រាប់ជួយបំពេញបន្ថែមខ្លឹមសារនៃឯកសារដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។
លោក សួន សុផល បានលើកឡើងថា ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន។
អគ្គលេខាធិការរង បានលើកឡើងបន្តថា ជាមួយគ្នានេះ មានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាសសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញសម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងនោះ។
លោក បានគូសបញ្ជាក់ថា បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានារួមមានតុវិនិយោគកសិ-ចំណីអាហារ, ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើតនិងបង្កើនកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការពង្រីកឱកាសរីកលូតលាស់ឱ្យកាន់តែស្រស់បំព្រង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)