ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមាន ប្រទេសតុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន។
ការស្វែងរកគាំទ្រនេះ ជាប្រសាសន៍ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសហ្វីជី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។
បើតាមជំនួបនេះ ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្ម នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន៣ របស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមានការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ លោក បានគូសបញ្ជាក់ថា ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជាកំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន៣ គឺ៖ តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល នៃតំបន់ប៉ាស៊ីហ្វិក ផងដែរ។
ជាមួយគ្នានេះ កម្ពុជាមានបំណងកៀរគរប្រទេសទាំង៣នេះ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន ដែលកិច្ចការនេះត្រូវការគាំទ្រពីប្រទេសហ្វីជីក្នុងការបញ្ចុះបញ្ចូល និងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ ជាការបន្ថែម អនុប្រធានទី១ អាជ្ញាធរមីន។
នាឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសហ្វីជី ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ក្នុងការលប់បំបាត់ទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្ស។
តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក លី ធុជ បានអញ្ជើញថ្នាក់ដឹកនាំហ្វីជី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទឹកដីខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាការឆ្លើយតប លោកស្រី Lenora Qereqeretabua បានមានប្រសាសន៍ថា ប្រទេសហ្វីជី ស្វាគមន៍ចំពោះសំណើរបស់កម្ពុជាដើម្បីធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូលគ្មានមីន ព្រមទាំងសម្តែងនូវការគាំទ្រភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ផងដែរ។
គូសបញ្ជាក់ថា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក”។
ជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល សម្តេចធិបតី ក៏បានលើកទ្បើងអំពីបញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិតដែលមានគុណភាព។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា។
សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ក្រោមប្រធាបទ ‘កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន’ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ៕
ដោយ៖ មឿន ឌីណ (Moeun Dyna)