ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
លោក ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា។ លោក បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់ សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និងទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បន្ថែមលើនេះ ប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោក បានគូសបញ្ជាក់ថា ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានរបស់ សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។
នៅក្នុងជំនួប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។
បរិយាកាសនោះ ចំពោះកិច្ចការព្រំដែន ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ ជូន សម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។
លោក បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួតនិងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)