បាងកក៖ ថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) សម្តេចធិបតី បានគូសបញ្ជាក់ថា ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ។
កម្មវិធីខាងលើ ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា ជាមួយនិងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺអាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា។
ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល»។ ជាការបន្ត សម្តេចធិបតី នាយករដ្ឋមន្ត្រី។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រុ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។
សម្តេចធិបតី បានបន្តទៀតថា ក្នុងបរិបទសកល និងតំបន់, កម្ពុជាបាននិងកំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមានដូចជា «ផែនការមេឌីជីថលអាស៊ាន២០២៥» និង «យុទ្ធសាស្រ្តឌីជីថល២០២២-២០២៥» របស់អង្គការសហប្រជាជាតិ។
ទន្ទឹមនេះ កម្ពុជាបាននិងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ “កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាជំពូកអាទិភាពមួយ នៅក្នុងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)