ភ្នំពេញ៖ កម្ពុជា និងចិន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
តាមការវាយតម្លៃនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ភាគីទាំងពីរ ក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។
ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា។
បន្ថែមពីលើនេះ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)