ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបាន ឯកភាពលើសំណើស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ និងសម្រេចចុះបញ្ជីទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ដុល្លារ។
ការសម្រេនេះ លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក សមាជិក សមាជិកា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
បើតាមកិច្ចប្រជុំនេះ ក្រុមការងារ អ.គ.វ.ខ.ស.ន បានរាយការណ៍ អំពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លារ និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
-ឯកភាពលើសំណើស្នើសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ
-មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កើតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័ស
-មន្ទីរអង្គភាពជំនាញ ត្រូវចេញអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នើសុំ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន
-ក្នុងករណីអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នើសុំ ដែលមិនទាន់បានប្រតិភូកម្ម មន្ទីរអង្គភាពសាម៉ី ត្រូវដើរតួនាទីតាមយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ ជូនក្រសួងស្ថាប័នសាមី ដើម្បីពិនិត្យសម្រេច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)