ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជជែកគ្នាយ៉ាងលម្អិតអំពី ផែនការសកម្មភាពការងារ និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការជុំវិញការអនុវត្តគម្រោងមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយ លោក TANINAI Ichitomo អនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងរៀបចំគម្រោងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់។
គម្រោងនេះ ជាចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកសមត្ថភាពនៃប្រតិបត្តិការកំពង់ផែ និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗក្នុងតំបន់។
ជាមួយគ្នានេះដែរ កំពង់ផែនេះនឹងពង្រីកសក្តានុពលនៃប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានល្អ និងមានគុណភាពជាងមុន សំដៅបង្កើនសមត្ថភាព និងសេវាកម្មឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យចុះទាប និងពង្រីកដែននៃការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារធំៗក្នុងតំបន់ និងពិភពលោក។
កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌល ឡូជីស្ទីក ក្នុងតំបន់ មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ។ ជាការគូសបញ្ជាក់ សម្តេចធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី បានមានប្រសាសន៍ថា ប្រគល់ភារកិច្ចឱ្យ លោក ស៊ុន ចាន់ថុល ធ្វើផែនការមេមួយ ដើម្បីសម្របសម្រួលសម្រាប់ផែរបស់កម្ពុជា ជាពិសេស កំពង់ផែទឹកប្រៃខេត្តព្រះសីហនុ ដើម្បីរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដើម្បីឱ្យផែនៅកម្ពុជាមានដំណើរការល្អ។
បើតាមប្រមុខរាជរដ្ឋាភិបាល ផែនៅខេត្តព្រះសីហនុគឺជាផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មពិភពលោកនឹងតំបន់ ជាផែមជ្ឈមណ្ឌល Logistics តំបន់តែម្ដង មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែកុងតឺន័រ (ជំហានទី៣) គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ និងគម្រោងពង្រឹងសមត្ថភាពសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្ម ជាដើម សំដៅបង្កើនសមត្ថភាពកំពង់ផែក្រុងព្រះសីហនុឱ្យកាន់តែធំជាងមុន និងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់ពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)