ភ្នំពេញ៖ ប្រធានវិទ្យាស្ថាន KSI ស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។
តាមការស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២ខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ន ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
លោក ក៏បានជម្រាបជូន សម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber”។
បន្ថែមលើនេះ លោក បានជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន២ គឺកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។
ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។
ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)