ភ្នំពេញ៖ គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើតាម ការថ្លែង លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារ។
សិក្ខាសាលាខាងលើដែលបានធ្វើឡើងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក អនុប្រធានទី១ បានថ្លែងទៀតថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល។
លោក បានសង្កត់ធ្ងន់លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។
បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។ ជាការបន្ថែម អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួរបញ្ជាក់ថា ជាលទ្ធផលនៃសិក្ខាសាលានេះ អនុញ្ញាតឱ្យអ្នកចូលរួមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងទទួលស្គាល់លើការប្រើប្រាស់ភាសាតែមួយ សម្លេងតែមួយសម្រាប់ការចែករំលែកព័ត៌មាននៃសក្ដានុពលរបស់កម្ពុជាទាក់ទាញវិនិយោគិន ស្របតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល។ បន្ថែមពីនេះ អង្គពិធីបានឯកភាពលើការសហការពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា និងគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដារាជធានី-ខេត្តទាំង២៥។
សូមបញ្ជាក់ផងដែរថា ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។
ជាពិសេសធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)