Register Already an agent ? Login

អាជ្ញាធរ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ៣ពាន់ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្រុងសៀមរាប

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ចំនួន​ ៣៤២៦ក្បាលដី​ ជូនដល់ប្រជាពលរដ្ឋចំនួន​ ៤ភូមិ ដែលស្ថិតនៅក្នុងសង្កាត់ក្របីរៀល​ ក្រុងសៀមរាប។

ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីកាន់កាប់អាស្រ័យផល និងបន្តមរតកទៅកូនចៅជំនាន់ក្រោយៗនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ នៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំងសង្កាត់ក្របីរៀល។

ក្នុងអំឡុងនៃការចុះធ្វើបណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ បើតាមការលើកឡើង លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាបអ

លោក ប៊ូ ជុំសម្បត្តិ បានបន្តថា ការប្រគល់ជូនបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងសង្កាត់ក្របីរៀលនាពេលនេះគឺមានចំនួន​ ៤ភូមិ រួមមាន៖

១-ភូមិរកា មានក្បាលដីសរុប ​១.០៧៥​ ក្នុងនោះ ក្បាលដីចំនួន ៨៩១ អាចចេញបណ្ណកម្មសិទ្ធជូន, ២-ភូមិគោកដូង មានក្បាលដីសរុប ១.១៣៧​ ក្នុងនោះ ក្បាលដីចំនួន ៩០១ អាចចេញបណ្ណកម្មសិទ្ធជូន ៣-ភូមិប្រម៉ា មានក្បាលដីសរុប ១.២៤៣​ ក្នុងនោះ ក្បាលដីចំនួន ៦៥៦ អាចចេញបណ្ណកម្មសិទ្ធជូន និងទី៤-ភូមិខ្នារ មានក្បាលដីសរុប១.១១២​ ក្នុងនោះ ក្បាលដីចំនួន ៩៧៨ អាចចេញបណ្ណកម្មសិទ្ធជូនបានផងដែរ។

នាឱកាសនោះ លោកក៏បានបញ្ជាក់ថា ចំពោះក្បាលដីបានប្រគល់បណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។

លោក សំកុល សុចិត្រា បានបន្តថា ការផ្តល់បណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះបណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។​

លោក អភិបាលរងខេត្តសៀមរាប ក៍បានមានប្រសាសន៍ក្រើនរំឭកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកបណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានបណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។

ចំពោះ សំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានបណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។ ជាការបន្ថែម លោក សំកុល សុចិត្រា បានជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានគ្រប់ៗគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)