ភ្នំពេញ៖ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ការថ្លែងខាងលើ ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានបន្តថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។
អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ ជាការថ្លែងបន្តទៀត សម្ដេចធិបតី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកានានា ដូចជា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគក្នុងតំបន់ បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល ។
ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិកជាមូលដ្ឋានផលិតកម្មដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាការបន្ថែម សម្ដេចធិបតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល។ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។
ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ, សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកអត កំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។ ជាការបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាល។
កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)