Register Already an agent ? Login

សម្តេចធិបតី៖ អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យជនបទ បានកើនប្រមាណ ៨៥%

ភ្នំពេញ៖ តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួលនិងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍនិងភាពស៊ីវិល័យលើគ្រប់វិស័យ។ ជាការថ្លែង សម្តេចធិបតី បានគូសបញ្ជាក់ថា អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាតនិងបង្គន់អនាម័យបានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជននៅតំបន់ជនបទ រួមនឹងមានមុខរបរនិងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ការថ្លែងខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ បន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹង សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ។ ជាការគូសបញ្ជាក់ សម្ដេចធិបតី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។

គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទបានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០% នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។ ជាការថ្លែងបន្ត សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ធ្វើផ្លូវមិនទាន់ធ្វើ ពង្រឹងគុណភាពផ្លូវដែលមានហើយ ហើយបន្តយកចិត្តទុកដាក់កសាងបណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនពលរដ្ឋតាមទីជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទតាមរយៈបច្ចេកវិទ្យាថ្មីៗ ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិតនិងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗដើម្បីធានាគុណភាពនៃការប្រើប្រាស់ឱ្យបានយូរអង្វែង។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវកាល ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០% និងពង្រីកការតភា្ជប់៣០%។ ជាការបន្ថែមទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី។

សម្តេច បានលើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)