ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទំនិញតម្លៃជិត ១៣៦លានដុល្លារ ទៅចក្រភពអង់គ្លេស ក្នុង កើនឡើង ២៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ខណៈ ការនាំចូលសរុបមានចំនួន ៦,៨៥លានដុល្លារ ធ្លាក់ចុះ ៤៧,៩ %។ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៤២,៦៧លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងឆ្នាំ២០២៣ មានចំនួន ១២១,៦៩លានដុល្លារ។ បើតាមទិន្នន័យដដែល ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មឈានមុខគេទី៨ បន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា។
កម្ពុជា នាំចេញភាគច្រើនទៅចក្រភពអង់គ្លេស រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម ខណៈ ចក្រភពអង់គ្លេសនាំចូលមកកម្ពុជាវិញ មានដូចជារថយន្ត គ្រឿងយន្ត ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិក។
កំណើនការនាំចេញទៅចក្រភពអង់គ្លេសកំពុងឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក ខណៈការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរទៅចក្រភពអង់គ្លេសបានធ្លាក់ចុះកាលពីឆ្នាំ២០២៣។ បើតាមការលើកឡើង លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងចក្រភពអង់គ្លេសនឹងមានភាពវិជ្ជមាន ព្រោះយើងអាចមើលឃើញពីភាពប្រសើរឡើងមួយចំនួននៃការនាំចេញរបស់យើងទៅកាន់ទីផ្សារសំខាន់ៗជាច្រើន។
ចក្រភពអង់គ្លេសជាផ្នែកមួយនៃអឺរ៉ុប ទំនិញមួយចំនួនដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសក៏អាចចូលទៅក្នុងទីផ្សារអឺរ៉ុបផងដែរ។ បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា ចក្រភពអង់គ្លេសគឺជាប្រទេសអភិវឌ្ឍន៍ និងមានវិស័យឧស្សាហកម្មរីកចម្រើន ដូច្នេះទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺជាផលិតផលក្នុងវិស័យវាយនភណ្ឌ និងកសិកម្ម។
លោក បានបន្ថែមថា កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធដែលផ្តល់ដោយចក្រភពអង់គ្លេស សម្រាប់ផលិតផលមួយចំនួន ដូច្នេះ នឹងជួយបង្កើនការនាំចេញពីកម្ពុជាទៅចក្រភពអង់គ្លេសឱ្យកាន់តែខ្ពស់សម្រាប់ឆ្នាំ២០២៤នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)