Register Already an agent ? Login

WB អនុម័តទឹកប្រាក់ ៦០លានដុល្លារ លើគម្រោងគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បាន​អនុម័តគម្រោងមួយដែលមានទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា នឹងអនុវត្តនៅខេត្តចំនួន៥ គឺខេត្តសៀមរាប កំពង់ស្ពឺ កណ្តាល បាត់ដំបង និងព្រះសីហនុ។ គម្រោងនេះ ក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារ​ទៀតជា​សហហិរញ្ញប្បទាន​ពី​មូលនិធិ PROBLUE Trust Fund។ 

គម្រោងនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គោលបំណងចម្បងនៃគម្រោងគឺការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការគាំទ្រផ្នែកសមត្ថភាព ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមទាំងការសាងសង់ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្តង់ដាអនាម័យបរិស្ថាន។

ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និង​ទេសចរណ៍ក្នុង​អំឡុងពេលប៉ុន្មានឆ្នាំនេះ បាន​បណ្តាល​ឱ្យ​សំណល់​រឹង និង​សំណល់​ប្លាស្ទិក កើន​បរិមាណ​ច្រើន​សន្ធឹក​សន្ធាប់​ដែរនៅកម្ពុជា។

ទន្ទឹម​គ្នានេះ សេវា​ប្រមូល​សំរាម​នៅស្ថិត​ក្នុង​អត្រា​ទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់​ដល់​​ប្រព្រឹត្តិកម្ម​និង​ចាក់ចោលកាកសំណល់​ក៏នៅខ្វះខាត ហើយ​ការ​បោះចោលសំរាម​​ និង​សំណល់​ប្លាស្ទិកនៅតាម​ដង​ផ្លូវ ផ្លូវទឹក ​ការរាយប៉ាយសំរាម​តាម​ផ្លូវ និង​ការ​​ដុត​សំរាមនៅតែ​មាន​ជា​ហូរហែរនៅឡើយ។

គម្រោងកែលម្អការ​គ្រប់​គ្រងសំរាម ​សំណល់​រឹង និង​សំណល់​ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំ​របស់រដ្ឋាភិបាលក្នុងការ​ពង្រឹង​សមត្ថ​ភាព​របស់​ស្ថាប័ន​​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិក្នុង​ការ​គ្រប់គ្រង​សំរាម​ សំណល់​ និងសំណល់ប្លាស្ទិក ជំរុញ​ក្រុម​ហ៊ុនពាក់ព័ន្ធ​ក្នុងការ​​ប្រមូល​សំរាម​ឱ្យខិតខំ​កែលម្អសេវា​របស់​ខ្លួន និង​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​បង់​ថ្លៃសេវាមួយមានដំណើរ​ការ​ល្អ​ជាង​មុន សម្រាប់​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​ប្រមូលសំរាម​មួយដែល​មាន​ចីរ​ភាព​ផ្នែកបរិស្ថាន ហិរញ្ញវត្ថុ និង​សង្គមថែមទៀត។

គម្រោងនេះ ​ត្រូវ​បានរៀបចំឡើងដោយមានបញ្ចូលនូវ​ការ​កំណត់​លក្ខណៈសម្បត្តិចាំ​បាច់​សម្រាប់ការ​ចូលរួមរបស់​ទីក្រុង​ និងទីប្រជុំជននានានៅក្នុង​គម្រោង និងសម្រាប់​ធានា​ឱ្យបាន​ថា​ បណ្តាទីក្រុងដែលចូលរួម​ ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន​ ឱ្យបានទៀងទាត់។​

ការ​កែលម្អ​ការ​ងារ​គ្រប់​គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក​ គឺ​ជា​រឿងមួយ​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា​ រួម​ទាំង​​តាម​រយៈ​វិស័យ​ទេសចរណ៍​របស់ខ្លួនផងដែរ។ ជាការលើកឡើង លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានបន្តថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែន​ទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ​​ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។

លោកស្រី បានបន្ថែមថា លើសពីនេះ​ គម្រោងនឹងជួយ​ពង្រីក​សេវា​ប្រមូលសំរាមឱ្យគ្របដណ្តប់​តាមខ្នងផ្ទះ​កាន់តែច្រើននិងកាន់តែទៀងទាត់​, ហើយកាលណាសមត្ថ​ភាព​របស់​ទីលាន​ទុកដាក់សំរាម​ ការកែច្នៃសំរាម និង​ការយកសំរាម​ធ្វើ​កំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន​ និងទេសចរណ៍​ ជាមិនខាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)