ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តឱ្យវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើការរួមដៃគ្នាក្នុងការលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ធានាបានការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជនទូទាំងប្រទេស។
ការថ្លែងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់បញ្ចកោណយុទ្ធសាស្ត្រទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ននិងភាពធន់។ បើតាមការថ្លែងបន្ត សម្តេចធិបតី នាយករដ្ឋមន្រ្តី។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបានថ្លែងបន្តទៀតថា មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ «ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា។
ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ជាការបន្ថែម សម្ដេចធិបតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ នាពេលអនាគត។ ការរាតត្បាតជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យ និងវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ។
ការពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ ជាការគូសបញ្ជាក់ សម្តេចធិបតី បានថ្លែងថា ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។ ជំនួយរបស់ជប៉ុនប្រមាណ ១៥០លានដុល្លារ នឹងសាងសង់មន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត។
លើសពីនេះ ដើម្បីធានាបានកម្រិតនៃចំណេះដឹងច្បាស់លាស់របស់ធនធានមនុស្សដែលបានបណ្តុះបណ្តាល សម្តេចធិបតី បានប្រកាសប្រគល់សិទ្ធិឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវ មានជាអាទិ៍ ការបើក-បិទគ្រឹះស្ថានសិក្សា អនុម័តលើកម្មវិធីសិក្សាថ្នាក់ជាតិ គ្រប់គ្រងការប្រលងចូល-ចេញថ្នាក់ជាតិ ការចុះហត្ថលេខាលើសញ្ញាបត្រ ការបញ្ជាក់ភាពត្រឹមត្រូវ និងសមមូលលើវិញ្ញាបនបត្រក្នុងវិស័យសុខាភិបាល និងការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នឹងបន្តខិតខំព្យាយាមពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយនូវសមិទ្ធផលអវិជ្ជមានទាំងទ្បាយ ដោយក្នុងនោះលើកទឹកចិត្តឱ្យវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ធានាបានការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជនទូទាំងប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)