ភ្នំពេញ៖ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លារបន្ថែម សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ គម្រោងនេះ នឹងសាងសង់ផ្លូវនិងស្ពានក្នុងខេត្តចំនួន៣ គឺកំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ, ក្រោយសាងសង់រួច ផ្លូវទាំងនោះនឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ។
ផ្លូវជនបទជាច្រើនខ្សែនៅក្នុងខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដោយទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ បន្ទាប់ពីគណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លារ បន្ថែម សម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។
សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ផ្តល់ឥណទានបន្ថែមនេះសម្រាប់ “គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់” Cambodia Road Connectivity Improvement Project (RCIP) ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ។ ខេត្តទាំង៣នេះ មានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះ ៨០% រស់នៅតាមតំបន់ជនបទ។ គម្រោង RCIP នេះត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានចំនួន ១០០លានដុល្លារ។
គម្រោង RCIP នេះ ផ្តល់ថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលនៅក្នុងរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia ជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយដែលគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវ។
ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងនេះ បង្កហានិភ័យដល់លទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ មានដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលជះអវិជ្ជមានឥតស្រាកស្រាន្ត ទៅលើការរស់នៅរបស់ពលរដ្ឋក្នុងខេត្តទាំង៣ ស្ថានភាពផ្លូវអន់ ក៏ជាហេតុនាំឱ្យមានចំណាយខ្ពស់លើការដឹកជញ្ជូន និងឡូហ្ស៊ិស្ទិកសម្រាប់កសិផលសំខាន់ៗ នៅក្នុងខេត្តគោលដៅទាំងនេះដែរ។
ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ឱ្យចំណាយគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេស នៅក្នុងកិច្ចសន្យាធ្វើផ្លូវ។ អតិផរណាខ្ពស់ និងការឡើងថ្លៃលើធាតុចូលសំខាន់ៗ ដូចជាឥន្ធនៈ និងកៅស៊ូអ៊ុតផ្លូវ ក្នុងអំឡុងពេលបីឆ្នាំមកនេះ បានធ្វើឱ្យថ្លៃចំណាយឡើងហួសការប៉ាន់ស្មាន នៅក្នុងឆ្នាំ២០១៩ មុនពេលគម្រោងត្រូវបានអនុម័តជាលើកដំបូង ទៅទៀត។
លើសពីនេះ កិច្ចការនវានវុត្តន៍មួយចំនួនដែលការសិក្សាស្ទង់លម្អិតបានរកឃើញ និងការរចនាផ្នែកវិស្វកម្មសម្រាប់គម្រោងផ្លូវ ក៏តម្រូវឱ្យមានថវិកាទ្រទ្រង់ថែមទៀតដែរ។ បច្ចុប្បន្ន ការងារស្តារសម្បទាផ្លូវត្រូវបានអនុវត្តលើផ្លូវប្រវែង ១៣០គីឡូម៉ែត្រ នៃផ្លូវជាតិនិងផ្លូវខេត្តគោលដៅនិងលើផ្លូវ ១៤២គីឡូម៉ែត្រ នៃប្រវែងសរុប ២៧៩គីឡូម៉ែត្រ នៃផ្លូវជនបទដែលជាគោលដៅ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព និងសាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំណាស់ សម្រាប់ពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ជាពិសេស នៅក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)