Register Already an agent ? Login

គម្រោង ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដី ក្រុមហ៊ុនស្នើសុំធាតុចូលបន្ថែម

ភ្នំពេញ៖ គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរ អំពីគម្រោងខាងលើ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជាអនុប្រធាន និងជាសមាជិកគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុនទាំងពីរ អំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញ រួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។

គួររម្លឹកថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់ លោក ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានចុះទស្សនកិច្ចឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី (Metro) ក្នុងទីក្រុងក្វាវចូវ ប្រទេសចិន ដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។

គួសបញ្ជាក់ថា ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ ស្ថិតក្នុងខេត្តក្វាងទុង ប្រទេសចិន ដែលមានប្រមាណ ៥០ខ្សែ សរុបប្រវែងប្រមាណ ២.០០០គីឡូម៉ែត្រ រត់ក្នុងល្បឿន១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)