Register Already an agent ? Login

ជប៉ុន ផ្ដល់កម្ចី១៤១លានដុល្លារ មកកម្ពុជាសាងសង់អគារមន្ទីរពេទ្យកម្ពស់៨ជាន់ នៅខេត្តកំពង់ចាមនិងសៀមរាប

ភ្នំពេញ៖ មន្ទីរពេទ្យបង្អែកខេត្ត/ក្រុងចំនួន៧ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី១។ ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយក សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់។ រាជរដ្ឋាភិបាល បានឥ​ណទានសម្បទាន ១៤១លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន ដោយសាងសង់សាងសង់អគារមន្ទីរពេទ្យទាំងពីរខេត្តកម្ពស់៨ជាន់ រួមទាំងការបំពាក់សម្ភារបរិក្ខារពេទ្យផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីចុះហត្ថលេខាជាមួយ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ដែលមានទឹកប្រាក់ចំនួន ២១ ១០៤លានយ៉េនជប៉ុន ឬ ប្រមាណ ១៤១លានដុល្លារ កាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងសុខាភិបាល និង JICA ក្នុងការសិក្សាសមិទ្ធិលទ្ធភាព ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់ នៅជនបទក្នុងប្រទេសកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាល រវាងរាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាព ប្រជាជនតាមជនបទ ជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៣៖ សុខភាព និងសុទ្ធាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable DevelopmentGoal 3)។

មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន៧ រួមមាន ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី១។

ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់នៅក្នុងដំណាក់កាលទី១ នេះ។

ជារួម គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាម មានវិសាលភាព ដូចជា៖ ខេត្តកំពង់ចាម សាងសង់អគារមន្ទីរពេទ្យចំនួន ២អគារថ្មី ដែលមានកម្ពស់ ៨ជាន់ និងមានគ្រែសរុប ៦០៨, ខេត្តសៀមរាប សាងសង់អគារមន្ទីរពេទ្យចំនួន ២អគារថ្មី ដែលមានកម្ពស់ ៨ជាន់ ចំនួន១ និងកម្ពស់ ៥ជាន់ ចំនួន១ និងមានគ្រែសរុប ៦៩៧។

ជាមួយគ្នានេះ ការបំពាក់សម្ភារបរិក្ខារពេទ្យ (Medical Equipment) សម្រាប់មន្ទីរពេទ្យទាំងពីរខេត្ត និងបញ្ចូលការងារ បែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ (Drug dispensing and medical equipment/supply modules) ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជម្ងឺ (Hospital Information and Patient Management System)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។

ជាពិសេស តាមរយៈ JICA ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅ ចំពោះកម្មវិធីគោលនយោបាយអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)