Register Already an agent ? Login

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥% លឿនជាងផែនការ១៧%

ភ្នំពេញ៖ គិតមកទល់ពេលនេះគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥%​ លឿនជាងផែនការ១៧%។ បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងនេះ និងបញ្ហាប្រឈម។

ពិនិត្យវឌ្ឍនភាពគម្រោងនេះ និងបញ្ហាប្រឈម ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ នាយកចាត់ការទូទៅនៃគម្រោង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងមន្ទីរពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីទីថ្ងៃ១៥ ខែមិនា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ និងជានាយកគម្រោង បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លោក បានគូសបញ្ជាក់ថា លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពិនិត្យដានលើកិច្ចសន្យាការងារបច្ចេកទេសសាងសង់ដែលបានឯកភាពគ្នា ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ ដើម្បីធានាឱ្យបាននូវការសាងសង់ អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គួររម្លឹកថា៖ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)