ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ។ បើតាមការគូសបញ្ជាក់ លោក Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
តាមការបញ្ជាក់ លោក Chang Won Sam បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបន្តថា កិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖
១-ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា, ២-ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង ៣-ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។
លោក បានបន្ថែមថា កម្ពុជា ជាប្រទេសទីមួយដែលបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។ លោក ប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
បន្ថែមពីនេះ លោកប្រធាន បានជម្រាបជូនសម្តេចធិបតីថា ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ លោកប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោក Chang Won Sam និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កូរ៉េនៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។
នាឱកាសនេះ សម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)