ភ្នំពេញ៖ កម្ពុជា និងអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងប្រកាសដាក់ឱ្យអនុវត្តកម្មវិធី ចំនួន៤ ដែលផ្តោតលើការ លើកកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដែលមានទំហំសរុបចំនួន ៧៩លានអឺរ៉ូ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយមានការ ចូលរួមពីតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ឯកអគ្គរដ្ឋទូតរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងស៊ុយអែត និង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង ដែលមានទំហំសរុបចំនួន ៧៩លានអឺរ៉ូ សម្រាប់គាំទ្រកម្មវិធីទាំង៤ រួមមាន៖
១-កម្មវិធីភាពជាដៃគូដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា មានថវិកាសរុបពីសហភាពអឺរ៉ុបចំនួន ១៧ លានអឺរ៉ូ ឬប្រមាណ ១៨.៤លានអឺរ៉ូ និងសហហិរញ្ញប្បទាន ពីប្រទេសអាល្លឺម៉ង់ ចំនួន ៧.៣លានអឺរូ ឬប្រមាណ ៧.៨ លានដុល្លារ។
២-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម មានថវិកាសរុប ចំនួន ៦ លានអឺរ៉ូ ឬប្រមាណ ៦.៥លានដុល្លារ។
៣-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស ២០២៤-២០២៧ មានថវិកាសរុប ចំនួន ៤៩លានអឺរ៉ូ ឬប្រមាណ ៥៣.១លានដុល្លារ។
៤-កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ៧លានអឺរ៉ូ ឬប្រមាណ ៧.៦លានអឺរ៉ូ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៣លានអឺរូ ឬប្រមាណ ៣.៣លានដុល្លារ។
លោកស្រី Jutta Urpilainen បានថ្លែងថា ដំណើរទស្សនកិច្ចពេលនេះ គឺជាឱកាសសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា កត់ត្រាទុកនូវកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងភាគីទាំងពីរ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការចុះហត្ថលេខានិងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មីចំនួន៤ ក្នុងវិស័យសំខាន់ៗ ដែលនឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។
សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការចាកចេញពីឋានប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ជាការបន្តលោកស្រី Jutta បានបញ្ជាក់ថា ក្នុងន័យនេះយុទ្ធសាស្ត្រ Global Gateway នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ សហភាពអឺរ៉ុប និងលោកស្រី Jutta ដែលតែងតែផ្តល់ការគាំទ្រនិងជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង៤ នាពេលនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)