ភ្នំពេញ៖ ប្រតិភូវិនិយោគិនចិនតៃវ៉ាន់ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូវិនិយោគិនចិនតៃវ៉ាន់នាព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនាឱកាសនេះ អគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូវិនិយោគិនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់ការវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
បន្ថែមពីនេះ លោក សរ សិនិរ៉ា ក៏បានលើកឡើងយ៉ាងពិស្តារផងដែរអំពីការលើកទឹកចិត្តក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យកសិកម្ម ជាពិសេស កសិឧស្សាហកម្ម និងការកែច្នៃចំណីអាហារ និងសេវាកម្មគាំទ្រដល់វិស័យកសិកម្ម។
គណៈប្រតិភូ បានយល់ច្បាស់អំពីគោលនយោបាយបើកចំហរ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឱកាសវិនិយោគដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅប្រទេសកម្ពុជា ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈមជាមួយនឹងកំណើនតម្លៃជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងបម្រែបម្រួលអាកាសធាតុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)