ភ្នំពេញ៖ ២ខែដំបូង ដើមឆ្នាំ២០២៤ រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១១,២លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤ កើនឡើង ៥២,០៩% ខណៈ ខេត្តទទួលបានភ្ញៀវទេសចរសរុបជិត ៥៤ម៉ឺននាក់។
រយៈពេល ២ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូល បានជាង ១១,២លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ បើតាមប្រភពដដែល។
ប្រភពដដែល បានបន្ថែមថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ចាប់ពីខែមករា-ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៣៧,៣៥០នាក់ កើនឡើង ៦២.៦៩% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣០១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣៥,៨៥០នាក់។
បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប ចំពោះទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ រួមមាន៖
-កូរ៉េខាងត្បូង ២៩,២៥៤នាក់, -អាមេរិក ២៤,៨៧៨នាក់, -បារាំង ២១,៧៧៥នាក់, -អង់គ្លេស ១៩,៤៥២នាក់, -ចិន ១៦,០៧៤នាក់, -អាល្លឺម៉ង់ ១៤,២១៤នាក់, -ជប៉ុន ១២,០៩៤នាក់, -ឥណ្ឌា ៨,៦៨៣នាក់. -រុស្ស៉ី ៨,៦៥៨នាក់ និង-អូស្ត្រាលី ៨,៥៤៤នាក់។
ក្រសួងទេសចរណ៍ បានដាក់ក្តីរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ ៦លាន៦សែននាក់ នៅឆ្នាំ២០២៤ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)