ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ២៧.៦ពាន់លានដុល្លារ ៧ខែឆ្នាំ២០២៣ បានធ្លាក់ចុះជាង១៥% បើធៀបនឹងឆ្នាំ២០២២ ដែលសម្រេចបានប្រមាណ ៣២,៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១៣,៥ពាន់លានដុល្លារ ធ្លាក់ចុះ ១,៨% និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១៤,១ពាន់លានដុល្លារ ធ្លាក់ចុះ ២៥,៦% បើធៀននឹងឆ្នាំ ២០២២។ បើតាមការបន្តនៅស្ថិតិខាងលើ។
បើតាមស្ថិតិដដែលបានបញ្ជាក់ថា ចិន លេខរៀងទី១ មានទំហំពាណិជ្ជកម្មសរុបជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨%, អាមេរិក លេខរៀងទីពីរ មានទំហំពាណិជ្ជកម្មសរុបទាំងនាំចេញនិងនាំចូលប្រមាណ ៥,៣ពាន់លានដុល្លារ, រីឯ វៀតណាម បានឈរនៅលេខរៀងទី៣ បន្ទាប់មកមានថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
គូសបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញ រួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃ បានលើកឡើងថា ទោះបីការបន្តអូសបន្លាយពេលការរីករាលដាលជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្ត ក៏លំហូរវិនិយោគបរទេសនៅកម្ពុជា នៅតែមានស្ថិរភាពល្អគួរឱ្យកត់សម្គាល់បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
លោក បានគូសបញ្ជាក់ថា លំហូរទុនវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរជាងគេធៀបនឹងបណ្តាប្រទេសសមាជិកសមាគមអាស៊ីអាគ្នេយ៍នានា។ កម្ពុជា មានសក្តានុពលសេដ្ឋកិច្ច សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)