ភ្នំពេញ៖ ការផ្លាស់ប្តូរទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់ រយៈពេល៥ ឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ មានទឹកប្រាក់សរុប ១៩ ២៩២,៥៥លានដុល្លារ ធ្លាក់ចុះ ១៤,១% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះ កម្ពុជានាំចេញចំនួន ៩ ១៨៣,៤៧លានដុល្លារ ធ្លាក់ចុះ ២,៤% និងនាំចូលវិញ ១០ ១០៩,០៨លានដុល្លារ ធ្លាក់ចុះ ២២,៦%។ បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ជញ្ជីងពាណិជ្ជកម្មរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ មានឱនភាពប្រមាណ ៩២៥,៦១លានដុល្លារ បើបៀបនឹងឆ្នាំ២០២២ និងធៀបឆ្នាំ២០២១ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពដល់ ៣ ៦៤៤,៧១លានដុល្លារ។ បើតាមការបញ្ជាក់នៅក្នុងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្រាប់ខែឧសភា ឆ្នាំ២០២៣ ពាណិជ្ជកម្មអន្តរជាតិកម្ពុជាមានចំនួន ៤ ១៣១,៥១លានដុល្លារ ធ្លាក់ចុះ ១៤,២៨% ធៀបខែឧសភា ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានចំនួន ១ ៩៤៩,៣៥លានដុល្លារ កើនឡើង ៧,៩ និងនាំចូល ២ ១៨២,១៦លានដុល្លារ ធ្លាក់ ២៧,៦%។
ទោះទំហំពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះ ប៉ុន្តែវាមិនមែនជាក្តីបារម្ភសម្រាប់កំណើនសេដ្ឋកិច្ចជាតិឡើយព្រោះបើតាមខ្ញុំដឹងមូលហេតុចម្បងដែលធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ធ្លាក់ចុះ គឺដោយសារកម្ពុជាមិនសូវនាំទំនិញពីក្រៅប្រទេសចូលច្រើនដូចមុន ខណៈសមត្ថភាពផលិតក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ស្រង់សំដី។
លោក បានលើកឡើងបន្តថា បើផ្អែកតាមតួលេខ គឺក្នុងដំណាក់កាលសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហានេះ គឺសសរគ្រឹះសេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីភាពរឹងមាំកាន់តែខ្លាំង ដោយទឹកប្រាក់នៃគម្លាតការនាំចូលដែលមានកម្រិតខ្ពស់ដាច់ឆ្ងាយពីការនាំចេញកន្លងមក គឺត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
គួររម្លឹកថា ក្នុងឆ្នាំ២០២២ ទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានចំនួន ៥២ ៤២៤,៥៣៩លានដុល្លារ កើន ៩,២% ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៤៨ ០១១,៨លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)