ភ្នំពេញ៖ សក្ដានុពលផ្លូវជាតិលេខ៥ ផ្ដើមកែលម្អពី២គន្លង ទៅ៤គន្លងសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ។ ផ្លូវនេះ បានង្កើននូវសក្ដានុពលនៅតាមបណ្ដាយ ត្រូវបានមើលឃើញថាកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន សហគ្រា រោងចក្រ ផ្សារទំនើបថ្មីៗកំពុងតែសាង់សង់ឡើងជាបន្តបន្ទាប់។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដែលធ្វើឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បានសម្លឹងឃើញថាការកែលម្អផ្លូវជាតិនេះឡើងវិញ និងប្រសើរជាងមុនធ្វើឱ្យការដាក់ទុននិយោគទុនមានទំនុកចិត្ត ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនិងផលិតផល ក៏ដូចជាកាត់បន្ថយការចំណាយផ្សេងបានមួយកម្រិតផងដែរ។
បើយើងក្រឡេកមើលលើចរាចរណ៍របស់ប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វារ ទៅដល់ស្ពានព្រែកព្នៅ សភាពផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរមមាញឹកទាំងទៅនិងមកផងដែរ។ យ៉ាងណាមិញការអភិវឌ្ឍ និងការសម្រេចបានសមិត្តផលដែលបានដាក់ឱ្យដំណើរការដូចជាស្ពានអាកាសឫស្សីកែវ និងស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ OCIC ក្នុងខណ្ឌចង្វារបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននាអំឡុងខែមេសាកន្លងទៅនេះ បានជួយសម្រួលដល់ចរាចរណ៍ និងការការដឹកជញ្ជូនផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានកាត់បន្ថយការកកស្ទះចរាចរណ៍មួយភាគធំផងដែរ។
បន្ថែមពីនេះ ចេញពីស្ពានអាកាសឫស្សីកែវ នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ សក្ដានុពលបានបង្ហាញឱ្យឃើញនូវភាពរីកចម្រើនជាហូរហែរ មានសំណង់អគារលំនៅឋានកំពុងអភិវឌ្ឍន៍ ផ្ទះអាជីវកម្ម និងហាងទំនិញផ្សេងៗទៀតកំពុងមមាញឹក។ សំណង់អគារខ្ពស់ទំនើបឃើញមានដុះឡើងតាមបណ្ដោយផ្លូវនេះ មានធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ និងគ្រឹះស្ថានរបស់រដ្ឋ និងគ្រឹះស្ថានសិក្សាឯកជនខ្មែរ និងអន្តរជាតិ ហើយនិងផ្សារទំនើបដែលទើបសាងសង់ឡើងនាពេល មុនវិបត្តិជំងឺកូវិដ-១៩។
ស្រមតាមការអភិវឌ្ឍនិងកែសម្រួលផ្លូវជាតិលេខ៥ ដែលរាជរដ្ឋាភិបាលទើបតែដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងក៏បានឃើញវិនិយោគគិនបានដាក់ទុនវិនិយោគ គម្រោងអភិវឌ្ឍន៍បុរីធំៗជាច្រើន កំពុងតែដំណើរចាប់នៅចន្លោះពីស្ពានព្រែកភ្នៅ ទៅស្ពានព្រែកក្តាម រួមមាន៖ គម្រោងអភិវឌ្ឍន៍ធំមួយកំពុងដំណើរ គឺបុរីសំរោង ក៏មានគម្រោងធំទៀត គឺដឹ អាណាចក្រ អភិវឌ្ឍន៍ដោយក្រុមហ៊ុន ហនុមាន លើផ្ទៃដីដ៏ធំ ហើយក៏មានគម្រោងអភិវឌ្ឍន៍ធំមួយទៀតដែរដូចជា Borey Lim Chheanghak-Km20 បុរី លីម ឈាងហាក់-គីឡូ20 ទៅមុខទៀតជាគម្រោងធំមួយទៀតដែរនោះគឺ បុរីមនោរម្យ ព្រែកតាទែន គម្រោងទាំងអស់នេះបានបង្ហាញថាតាមបណ្ដោយផ្លូវនេះកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។
ចេញពីស្ពានព្រែកព្នៅមក យើងទៅដល់ស្ពានព្រែកក្ដាម ក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងកកើតឡើងជាបន្តបន្ទាប់ ពីព្រោះគម្រោងកែលម្អឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ បានកែប្រែស្ថានភាពនៅតាមបណ្ដោយផ្លូវនេះជាច្រើន។ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅស្ដាំដៃគេឃើញមានស្លាកសង់ពីថ្មភក់ដំធំ ដែលមានអក្សរថា «រាជិនីលង្វែក»។ ស្លាកនេះ ជាខ្លោងទ្វារចូលរមណីយដ្ឋានទេសចរណ៍វប្បធម៌ ពាណិជ្ជកម្ម មួយ ដែលមានទេសភាពស្រស់ស្អាត។ ឈ្នោះថា «រាជិនីលង្វែក» គឺជារម្មណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មសម័យសន្តិភាព ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល។
តំន់ឧដុង្គ ដែលនៅខាងឆ្វេងដៃ ផ្លូវជាតិលេខ៥ នៅជិតគម្រោងអភិវឌ្ឍរាជិនីលង្វែកជិត ក៏ឃើញថាមានការអភិវឌ្ឍជាច្រើនផងដែរ។
គូសបញ្ជាក់ថា គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ បានបង្កើនឱ្យមានគម្រោងអភិវឌ្ឍន៍ថ្មីៗដូចជា គម្រោងបុរីធំៗកំពុងដំណើរ ផ្ទះល្វែង រោងចក្រ សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនទៀតផងដែរ។ បើតាមគម្រោងកែលម្អផ្លូវនេះឃើញថា ការអភិវឌ្ឍបានរីកដុះដាល់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ នៅតាមបណ្ដោយផ្លូវនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)