![](https://s9.kh1.co/99/99d2713e8b076f7b198ccceab261e3dd3c294c32.jpg)
ភ្នំពេញ៖ លោកស្រី Gabriele KATZAMAREK ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។
ជំនួបពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។
![](https://s9.kh1.co/91/917c5572e46988cd51bfd014e3367d19c47d4d21.jpg)
លោកស្រី Gabriele បានបន្តថា ក្រៅពីស្វែងដៃសហការ នឹងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។
សម្ដេចតេជោ បានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកស្រីថា សហគមន៍អាស៊ានជាសហគមន៍មួយ ដែលអនុវត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុបឱ្យបានទទួលជោគជ័យនោះត្រូវមើលអាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ។
![](https://s9.kh1.co/74/74a7a1dc619a8e807fefa9f35037537386eaeb6a.jpg)
គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។
![](https://s9.kh1.co/bb/bb3eeb0e20c33da99cc13d1fd6aa6bee218baa3d.jpg)
លោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូន សម្ដេចតេជោ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះ ប្រធានាធិបតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។
![](https://s9.kh1.co/7c/7cdc7196551170d0b5601688a290ebf74936bc74.jpg)
សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
គូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ។
![](https://s9.kh1.co/ee/ee652dc5ae152eeb2422bb35db5106c33abb3241.jpg)
បន្ទាប់ពីជួបប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃដដែល សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ផងដែរ។
នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
![](https://s9.kh1.co/a4/a476c819d434623fb3518632781479b9368c1296.jpg)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ «កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ»។ បើតាមការបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន។
![](https://s9.kh1.co/7c/7c7265f0030829b826fc53b7c9ee82c8fc36acd2.jpg)
សម្តេចតេជោ បានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំងលើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឱ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
![](https://s9.kh1.co/45/45010803a39541989f8e35911a9b6e1971d9299e.jpg)
ប្រមុខរាជរដ្ឋាភិបាល បានជម្រាបជូនប្រតិភូបន្ថែម អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ-១៩ ជួបនឹងវិបត្តិទឹកជំនន់ក្រុមហ៊ុននោះបានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឱ្យទាន់ការបញ្ជាទិញ។ លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)