Register Already an agent ? Login

កម្ពុជា-ចក្រភពអង់គ្លេស គ្រោងបង្កើត MoU ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ

ភ្នំពេញ៖ ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា-ចក្រភពអង់គ្លេស មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ។

លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបប្រតិភូចក្រភពអង់គ្លេស ដែលដឹកនាំដោយ លោក Stewart Clayton ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា អម មន្រ្តីទទួលបន្ទុកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេស និងមន្រ្តីទទួលបន្ទុកបើកច្រកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្លាស់ប្តូរកិច្ចពិភាក្សាលើវឌ្ឍនភាព និងកាលានុវត្តភាពនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ ដើម្បីពិភាក្សាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងកាលានុវត្តភាពនាពេលអនាគត កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ជាកិច្ចស្វាគមន៍ ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេសខណៈពេលដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

ភាគីកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រដល់កម្ពុជាបន្ថែមក្នុងខណៈពេលដែលប្រទេសកម្ពុជានឹងចាកចេញពីក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

ភាគីកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត ព្រមទាំងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្មនិងភាពប្រកួតប្រជែង សំដៅស្តារឡើងវិញ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។

លោកអគ្គនាយករង បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយជាមួយចក្រភពអង់គ្លេស ព្រមទាំងស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តចូលរួមក្នុងការសហការជាបន្តបន្ទាប់ ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងដៃគូវិស័យឯកជន និងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦លានដុល្លារ មានកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)