ភ្នំពេញ៖ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាបានឱ្យដឹងថា ជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាសរុបមានទឹកប្រាក់ជាង ៤១ពាន់លានដុល្លារ ក្នុងនោះការនាំចេញសរុបមានទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ កើនឡើងជាង ២២% ខណៈទឹកប្រាក់ការនាំចូលសរុបមានជាង ២៣,៧ពាន់លានដុល្លារ ដែលធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពជាង ៦,៥ពាន់លានដុល្លារ។
កម្ពុជា ទទួលរងនូវឱនភាពនៃជញ្ជីងពាណិជ្ជកម្មប្រមាណ ២៧% ឬគិតជាប្រាក់ប្រមាណ ៦,៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២២០២២ ក្រុមអ្នកសេដ្ឋកិច្ចបានអះអាងថា ឱនភាពពាណិជ្ជកម្មនេះមិនបានបង្ហាញសញ្ញាអវិជ្ជមានដល់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ឬជំរុញឱ្យមានកំណើនគំហុកនៃអតិផរណានោះទេ តែវាឆ្លុះបញ្ចាំងពីការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចល្អប្រសើរ បន្ទាប់ពីភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជំរុញឱ្យមានការកើនឡើងនៃតម្រូវការក្នុងស្រុក។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការកើនឡើងការនាំចូលនេះឆ្លុះបញ្ចាំងពីសម្ទុះនៃសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារតែការកើនឡើងនេះ គេអាចប្រៀបធៀបនឹងឆ្នាំ២០២១ ដែលប្រទេសកម្ពុជាយើងជួបប្រទះនឹងវិបត្តិសុខភាព។
លោក គី សេរីវឌ្ឍន៍ បានលើកឡើងបន្តថា នៅពេលវិបត្តិសុខភាពបានធូរស្រាល គឺវាទាមទារឱ្យយើងធ្វើការនាំចូលច្រើន ដោយសារតែយើងមិនអាចផលិតគ្រប់តម្រូវការបានភ្លាមៗទេ ណាមួយការនាំចូលនេះក៏មានវត្ថុធាតុដើមទៅបំពេញក្នុងវិស័យផលិតកម្មផងដែរ។ លោក បានបន្តទៀតថា ការកើនឡើងការនាំចូលនេះ គឺវាមិនចោទជាបញ្ហាដល់សេដ្ឋកិច្ចរបស់យើងទេ ដោយសារតែយើងឃើញថា ការនាំចេញរបស់យើងក៏មានកំណើនច្រើនដែរ។
បើយើងបង្កើនឬរក្សាការនាំចេញក្នុងរង្វង់ចាប់ពី ២០% ខណៈការនាំចូលកើនក្នុងរង្វង់ជាង ១០% គឺបង្ហាញថា ដំណើរការសេដ្ឋកិច្ចរបស់យើងល្អ ដូច្នេះប្រហែល ១០ឆ្នាំទៅមុខយើងនឹងឃើញជញ្ជីងទូទាត់យើងមានភាពវិជ្ជមានវិញ។ បើតាមការលើកឡើងបន្ថែមរបស់ លោក គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ដូច្នេះនៅក្នុងករណីនេះ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញវិស័យឧស្សាហកម្មធុនតូច និងមធ្យមឱ្យមានខ្លាំងទប់ជាមួយការនាំចូល ធ្វើដូច្នេះគឺយើងអាចពង្រឹងផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូល។
សូមរម្លឹកថា កាលពីចុងខែកញ្ញា កន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កម្ពុជា នឹងកើនឡើងដល់ ៤,៨% នៅឆ្នាំ២០២២ ដែលគាំទ្រដោយការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ក៏ដូចជាកសិកម្ម ដែលបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)